អំពី ចាន់ រត្ថា
មានបទពិសោធន៍ជាងដប់ឆ្នាំក្នុងវិស័យអប់រំ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល។ នាងខ្ញុំធ្វើការក្នុងផ្នែកចំណេះដឹងទូទៅ នៅកំរិត មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា បណ្ណាល័យ គ្រូឧទ្ទេសកម្មវិធីសិក្ខាសាលា ថ្នាក់ដឹកនាំសាលានិង មន្រ្តីសម្របសម្រួលថ្នាក់ស្រុក។
បទពិសោធន៍ការងារក្រៅប្រទេស
ខ្ញុំបានទៅមិនក្រោមម្ភៃប្រទេស ប៉ុន្តែប្រទេសដែលខ្ញុំបានរស់នៅគឺ UAE, Vietnam និង Singapore ។ ក្នុងរយៈពេលដែលខ្ញុំរស់នៅក្រៅប្រទេសប្រាំបួនឆ្នាំ ខ្ញុំតែងតែស្វែងយល់ពីការអប់រំក្នុងប្រទេសទាំងនោះ ដោយខ្ញុំខិតខំរៀនសូត្របន្ថែមតាមសាលារៀនល្បីៗ ព្រមទាំងធ្វើការស្ម័គ្រចិត្តការងារក្នុងបណ្ណាល័យ នៅ Chatsworth International School of Singapore និងធ្វើជាជំនួយការគ្រូមត្តេយ្យសិក្សា និង ការងារក្នុងបណ្ណាល័យនៅ Renaissance International School Saigon of Vietnam។
ហើយមួយឆ្នាំចុងក្រោយ ខ្ញុំបានទទួលការងារជាគ្រូឧទ្ទេសពី Inlingua School of Languages in Singaporeបើកវគ្គសិក្ខាសាលាដល់សិស្សនិស្សិត តាមមហាវិទ្យាល័យ និងបុគ្គលិកក្រុមហ៊ុន អំពីវប្បធម៌និងភាសាខ្មែរ ដែលពួកគេមានបំណងមកធ្វើទស្សនកិច្ច សិក្សា និងធ្វើការវិនិយោគនៅកម្ពុជា។
បទពិសោធន៍ការងារដឹកនាំសាលា
នាងខ្ញុំធ្លាប់ជានាយិកាស្រ្តី និងក្មេងជាងគេ ក្នុងខេត្តរតនគិរី នៅចន្លោះឆ្នាំ2007-2011។ ក្នុងការងារគ្រប់គ្រង និងដឹកនាំ ខ្ញុំបានសម្រេចគោលដៅពីរធំៗ គឺសាលាកុមារមេត្រី និង ការអប់រំដើម្បីយើងទាំងអស់គ្នា។ នាងខ្ញុំនិង បុគ្គលិក សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល និងរដ្ឋអំណាចមូលដ្ឋាន ពួកយើងបានសហការណ៍ ចូលរួមរៀបចំបរិស្ថានក្នុងថ្នាក់ ក្រៅថ្នាក់ សួនច្បារ សួនបន្លែ សួនជីវៈចំរុះ និងដាំដើមឈើ ធ្វើម្លប់។ល។ មិនតែប៉ុណ្ណោះខ្ញុំបានធ្វើការទំនាក់ទំនងរកជំនួយពីក្រៅប្រទេស អង្គការជាតិនិងអន្តរជាតិ ព្រមទាំងមន្ទីរ និងក្រសួងពាក់ព័ន្ធ ដើម្បីទទួលបានថវិកា សំភារៈសិក្សា បច្ចេកទេស និង បុគ្គលិកអប់រំដែលមានសមត្ថភាពផងដែរ។ លទ្ធផលដែលខ្ញុំទទួលបានពីការខិតខំប្រឹងប្រែង ខ្ញុំទទួលអំណោយជាអន្តេរវាសិកដ្ឋានសំរាប់សិស្សនិងគ្រូស្នាក់នៅ មានអាហារពេលព្រឹកសំរាប់គ្រូនិងសិស្ស បានអាហារូបករណ៍ដល់សិស្សក្រីក្រ មានទឹក ភ្លើង កុំព្យូទ័រ បណ្ណាល័យ ។ល។ បើគិតជាថវិការាប់សិបមុឺនដុល្លាអាមេរិច ម្យ៉ាងទៀត ពួកខ្ញុំបានប្រមូលសិស្សជិតឆ្ងាយមកចូលរៀនស្ទើរគ្រប់គ្នា សិស្សសាលារៀនខ្ញុំបានក្លាយជាសិស្សពូកែតំណាងអោយសិស្សទូទាំងខេត្តមកប្រលងថ្នាក់ជាតិ ចំណែកសិស្សដែលប្រលងចូលថ្នាក់វិទ្យាល័យជាប់ទាំងអស់ សុទ្ធតែទទួលបានពិន្ទុល្អ ចុងក្រោយនាងខ្ញុំក៏បានប័ណ្ណសរសើរ និងគ្រឿងឥស្សរិយយសការងារថ្នាក់មាស ពីនាយករដ្ឋមន្រ្តីរបស់ប្រទេសកម្ពុជា។
បទពិសោធន៍ការងារជាគ្រូបង្រៀននៅបឋមសិក្សា
នាងខ្ញុំធ្លាប់ជាគ្រូបង្រៀននៅបឋមសិក្សាបួនឆ្នាំ ដោយពីរឆ្នាំដំបូង ទទួលប្រាក់បៀរវត្តន៍ជាងដប់ដុល្លាក្នុងមួយខែតែប៉ុណ្ណោះ ហើយរហូតជិតពីរឆ្នាំទើបខាងក្រសួងទូទាត់អោយម្តង ប៉ុន្តែនាងខ្ញុំមិនបានខ្វាយខ្វល់ទេ ដោយនាងខ្ញុំមានគោលដៅច្បាស់លាស់ទាំងពីឪពុកនាងខ្ញុំស្លាប់ គឺការជួយមនុស្សពីដើមហេតុ ដូចនេះហើយខ្ញុំបានទទួលបង្រៀនសិស្សពីរពេលក្នុងមួយថ្ងៃ ហើយក្នុងមួយថ្នាក់មិនក្រោមចិតសិបនាក់ទេ ។ តែប៉ុណ្ណេះវាមិនទាន់អស់ចិត្តខ្ញុំទេគឺខ្ញុំទទួលការងារជាគ្រូឧទ្ទេសផ្នែកអប់រំសុខភាពសាធារណៈ ដល់សិស្ស មន្ត្រីក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋ។ ក្នុងពេលនោះដែរខ្ញុំក៏ជាជំនួយការនាយក និងជាមន្រ្តីសម្របសម្រួលថ្នាក់ស្រុកទៀត។
លទ្ធផលដែលទទួលបាន គឺខ្ញុំទាក់ទាញការចូលរួមពីប្រជាពលរដ្ឋ ក្នុងការជួយជំរុញ និងលើកទឹកចិត្តកូនៗមកសាលា និង ចូលរួមកែលំអបរិស្ថានសាលា អោយក្លាយជាសាលាកុមារមេត្រី ។ ពេលស្របគ្នានោះដែរខ្ញុំទទួលប្រាក់លើកទឹកចិត្តជាគ្រូល្អ នាយកល្អ និង សាលាគំរូប្រចាំស្រុកផងដែរ។
ប្រវត្តិសិក្សា
- 2019- 2020 : វិញ្ញាបនបត្រ Pre-Intermediate 2,3 និង Intermediate 1,2 នៅ British Council School of Singapore។
- 2014-2015 : វិញ្ញាបនបត្រ Elementary 2 និងPre-Intermediate 1 នៅ Wall Street English Center Saigon of Vietnam។
- 2014 : វិញ្ញាបនបត្រ Level 4 Intermediate នៅ RMIT University Saigon of Vietnam ។
- 2011 : វិញ្ញាបនបត្រ Beginner នៅ Pannasastra University of Cambodia។
- 2008 :វិញ្ញាបនបត្រ “កម្មវិធីអភិវឌ្ឍវិជ្ជាជីវៈ ភាពជាអ្នកដឹកនាំ” របស់ក្រសួងអប់ យុវជន និងកីឡា។
- 2007:សញ្ញាបត្រ គរុកោសល្យ ឯកទេសភាសាខ្មែរ-សីលធម៌-ពលរដ្ឋវិជ្ជា នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានី ភ្នំពេញ។
- 2006: វិញ្ញាបនបត្រ គ្រូឧទ្ទេសស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និង កិច្ចការពារជនរងគ្រោះ។
- 2004: សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែ ។
- 2002 : សញ្ញាបត្រ គរុកោសល្យ មធ្យមសិក្សាគរុកោសល្យភូមិភាគស្ទឹងត្រែង។
- 2002: វិញ្ញាបនបត្រ គ្រូបង្គោលផ្នែកអប់រំសុខភាពតាមសាលារៀនដោយប្រើវិធីសាស្រ្ត កុមារដើម្បីកុមារ ។
- 2000 : សញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែ ។
- 1997 : វិញ្ញាបនបត្របឋមសិក្សា នៅបឋមសិក្សាសង្គមមានជ័យ ។
